ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) បានបង្ហាញការ ប្ដេជ្ញាចិត្ត ក្នុងការបន្តភាពជាដៃគូ ដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែក សម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ លោក ប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបន្តវិវឌ្ឍ រីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញ នូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ កាន់តែខ្លាំងក្លាថែមទៀត ។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ ជូនសម្ដេចបវរធិបតីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។

លោកប្រធានវិទ្យាស្ថានបានបង្ហាញ ការប្ដេជ្ញាចិត្តក្នុងការបន្តភាពជា ដៃគូដ៏ល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេច ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្រប សម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាង វិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូ ដ៏ល្អប្រសើរវិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័ន របស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អាទិភាព របស់រាជរដ្ឋាភិបាល ផ្តោតលើការធ្វើសមាហរណកម្មកម្ពុជា ទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើម មួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយ ភាពទាក់ទាញ។

សម្ដេចបវរធិបតី បានស្វាគមន៍បំណងរបស់វិទ្យាស្ថាន ក្នុងការសម្របសម្រួល និងភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្ត លោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិត ស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា៕

To Top