ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបបញ្ជាក់ថា ជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូល នៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។
ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជា ចំនួន ៤រូប ទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូត ប្រចាំនៅបណ្តាប្រទេសនានា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។
សូមជម្រាបថា ឯកអគ្គរាជទូតទំាង៤រូប ដែលទើបទទួលបានការតែងតំាង ហើយបានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេច នាឱកាសនេះ រួមមាន លោក កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងលោក ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។
សម្តេច មានប្រសាសន៍ថា «ជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូល នៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ»។
សម្តេច ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា លោក-លោកស្រី ជាមន្រ្តីការទូតនេះ ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋ និងប្រទេសជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេច បានផ្តល់អនុសាសន៍មួយចំនួនជូន ឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។
សម្តេច បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ៕