ភ្នំពេញ៖ ឆ្លើយតបនឹងសំណើររបស់ អង្គការតុកកែញញឹម (Smiling Gecko) លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះការចូលរួមចំណែក លើគម្រោងវគ្គបណ្តុះបណ្តាលមុខជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់ ដល់យុវជនកម្ពុជា។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសលោក រដ្ឋមន្ត្រីអនុញ្ញាតឱ្យ លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko) និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងគាំទ្រចំពោះការចូលរួមចំណែក របស់អង្គការ ក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាលជំនាញ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ ដល់យុវជនកម្ពុជា និងឯកភាពឱ្យពិនិត្យលទ្ធភាព ចុះអនុស្សរណៈនៃការយោគយល់ រវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យ Zurich (UZH) និងសាកលវិទ្យាល័យ The University of Applied Science (ZHAW) ព្រមទាំងឯកភាពសហការគ្នា ផ្តល់នូវកម្មវិធីសិក្សាថ្មីមួយបែបទៀត ដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ដើម្បីផ្សារភ្ជាប់នូវគុណភាព និងលើកកម្ពស់សមត្ថភាព តាមរយៈការផ្តល់យោបល់ពីសាកលវិទ្យាល័យ Zurich (UZH) ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់ឱកាស សម្រាប់ការផ្លាស់ប្តូរគ្រូពីក្រៅប្រទេស ដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងថ្មីៗសម្រាប់បណ្តុះបណ្តាលនិស្សិត ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាល វិជ្ជាជីវៈក្រសួងទេសចរណ៍ និងជាឱកាសក្នុងការដកស្រង់បទពិសោធផ្ទាល់ នៅតាមរីស៊តរបស់អង្គការ (Smiling Gecko)៕