ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តការប្រណាំងទូក ង ខ្នាតអន្តរជាតិលើកទី៥ ដែលមានរយះពេល ២ ថ្ងៃគឺថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាអ៊ុំទូកស្ថិតនៅមាត់ស្ទឹងពោធិ៍សាត់ជាប់ផ្លូវលេខ១០១ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ំទូក សំពះព្រះខែ អកអំបុក និង បណ្តែតប្រទីប។ នៅថ្ងៃទី១ នៃពិធីប្រណាំងទូកនេះគឺមានពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តទាំងពេលថ្ងៃ និងពេលរាត្រីប្រមាណជា ១១៥,០០០នាក់។
សម្រាប់ពិធីបើកព្រឹត្តិការប្រណាំងទូកត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវអាំង សុជាតា ខូយ រីដា ,លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកភូ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និង លោកជំទាវ ,ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត,លោក លោកស្រីជាអភិបាលរងខេត្ត,កងកម្លាំងប្រដាប់អាវុធទាំងបី,មន្ទីរ ស្ថាប័ននានាក្នុងខេត្ត ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។
មានប្រសាន៍នាឱកាសបើកដំណើរការព្រឹត្តការប្រណាំងទូក លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអោយដឹងថាខេត្តពោធិ៍សាត់របស់យើងពិតជាមានកិត្តិយសខ្លាំងណាស់ដោយបានធ្វើការរៀបចំនូវព្រឹត្តការពិធីប្រណាំងទូកជាលើកទី៥ ដោយមានទូកចូលរួមប្រគួតប្រជែងចំនួន ៣១ទូក ក្នុងនោះគូរពិសេសចំនួន ១៦ទូក និងទូកកិត្តិយសចំនួន ១៥ទូក ហើយនៅពេលរាត្រីក៍មានការដាក់តាំងពិពណ៌ ការប្រគំុតន្ត្រីរាំលេងកម្សាន្ត និង បាញ់កាំជ្រួចនាពេលរាត្រីផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៍សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយអោយបានច្រើនកុះករក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅខេត្តពោធិ៍សាត់រយះពេល ២ថ្ងៃនេះ និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានអោយបានស្អាតជានិច្ច និងស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះអោយបានល្អប្រសើរ៕