ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ នាំយកថវិកា លោកអ្នកឧកញ៉ាលី យ៉ុងផាត់ ជូនពលរដ្ឋរងគ្រោះ ដោយសារជាន់គ្រាប់មីន ដាច់ជើងស្តាំម្ខាង

ពោធិ៍សាត់ ÷ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិកា របស់លោកអ្នកឧកញ៉ាលី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង ក្រុមហ៊ុន L.Y.P Group ចំនួន ៥០ លានរៀល ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជាន់គ្រាប់មីន បណ្តាលអោយរបួសដាច់ជើងស្តាំម្ខាង កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៤កន្លងទៅស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានចូលរួមសោកស្តាយ និង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកអ្នកឧកញ៉ាលី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង ក្រុមហ៊ុន L.Y.P. Group ចំពោះគ្រោះថ្នាក់នេះ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ សូមកុំអស់សង្ឃឹមក្នុងជីវិត ថ្វីត្បិតយើងនៅមានជីវិតនៅឡើយ យើងក៏នៅមានសង្ឃឹម ជានិច្ច។លោកថា ប្អូនប្រុស ស៊ុំ សុខប៊ន ពិតជាមានសំណាងហួស ០.០០១% ក្នុងចំណោម១០០សំណាង ដែលមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈដែលលោកអភិបាលខេត្ត បានអន្តរាគមន៍គ្រប់ច្រកល្ហក ដើម្បីជួយសង្គ្រោះអាយុជីវិតប្អូន រហូតបានធូរស្រាលដល់បច្ចុប្បន្ន។

លោកអភិបាលខេត្តក៍សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទីតាំងដែលមានការហាមប្រាម ឬសង្ស័យថាមានគ្រប់មីនមិនទាន់ផ្ទុះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៩ និង០៧នាទី ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ២០២៤ មានការណីផ្ទុះគ្រាប់មីន ដែលបន្សល់ពីសង្រ្គាម មួយលើក នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ករណីនេះបណ្តាលឱ្យជនរងគ្រោះម្នាក់ មានឈ្មោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មានមុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសដាច់ជើងខាងស្តាំ និងរបួសលើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈពេលជនរងគ្រោះកំពុងតែបាញ់ស្មៅ នៅចំណុចកើតហេតុខាងលើ៕

To Top