ភ្នំពេញ៖ ប្រទីបក្រសួងសុខាភិបាល មានរូបរាងតូចច្រឡឹង សាមញ្ញ ស្រគត់ស្រគុំ គួរឲ្យគយគន់ ក្នុងអត្ថន័យសុខភាព និងសុខមាលភាពជ្រាលជ្រៅ ដែលមានរូបនាគ និងសត្វម្ករ តាមរចនាបទប្រាសាទបន្ទាយឆ្មារ តំណាងឲ្យភាពរុងរឿងនាសតវត្សទី១២ នឹងលេចត្រដែតឡើងលើផ្ទៃទឹកនៅមុខព្រះបរមរាជវាំង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ដល់១៦ វិច្ឆិកា ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

មុនដល់ថ្ងៃបណ្តែតប្រទីប កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងអញ្ជើញចុះពិនិត្យ ការរៀបចំប្រទីបរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមចូលរួមជាទស្សនីយភាព អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នេះ។

ប្រទីបក្រសួងសុខាភិបាល បានរចនាឡើងដោយលក្ខណៈពិសេស ដែលមានភាពស្រគត់ស្រគុំ តូចត្រឡឹង សាមញ្ញា ល្អគន់ ស្រស់ស្អាត ដោយបង្ហាញឡើងនូវរូបសញ្ញាក្រសួងសុខាភិបាល ដ៏ធំចំកណ្តាលនៃប្រទីប និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព័ទ្ធជុំវិញដោយក្បាច់ផ្កាភ្ញីទេស ដែលទ្រដោយសត្វម្ករ រូបនាគ និងក្បាច់ទឹករលក មានលក្ខណៈស្អាតប្លែក ដែលបានយកលំនាំតាមប្រាសាទបន្ទាយឆ្មារ នៅសតវត្សទី១២ តំណាងឱ្យសម័យកាលរុងរឿង នៃវិស័យសុខាភិបាល សិរីសួស្តី និងភាពសំបូរសប្បាយសុខុដុមរមនារបស់ប្រជាជនកម្ពុជា។ នាគរាជ ក៏ជាសត្វទីឃជាតិ តំណាងឱ្យដើមកំណើតនៃប្រទេស និងប្រជាជាតិកម្ពុជា វប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ តាំងពីសម័យបុរាណមក ព្រមទាំងតំណាងឲ្យធាតុទឹកដែលជា ប្រភពនៃការរស់រានមានជីវិត ៕




