ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតហូឡង់ ប្រចាំកម្ពុជា (មាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈទូតហូឡង់ ប្ដេជ្ញាបន្តពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានអបអរសាទ សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ។
លោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក ។
សម្ដេចបវរធិបតី បានលើកទឹកចិត្តលោកឯកអគ្គរាជទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចបវរធិបតី និងលោក ឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ ទេ្វភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងឯកឧត្តមអគ្គរាជទូតក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចបវរធិបតី បានចែករំលែកជូន លោកឯកអគ្គរាជទូត អំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលេីកទឹកចិត្តនានា ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាលហូឡង់ នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ មកវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតី និងលោកឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕