ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ២០២៤ “2024 Ambassador’s Cup Chinese Song Contest “ នៅរាជបណ្ឌិត្យសភាកម្ពុជា កម្មពិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតចិន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តួចផ្តើមគំនិតរៀបចំពិធីការប្រកួតចម្រៀងចិននេះឡើង។ ហើយក៏ឆ្លៀតឱកាសនេះ សូមចូលរួមសម្តែងការអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែបញ្ចប់ការប្រារព្ធពិធី កាលពីដើមខែតុលា កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា “ខ្ញុំជឿជាក់ថា ការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់យើងឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់”។
ទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ មិនតិចជាង២០០០ឆ្នាំនោះឡើយ។ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ មិនត្រឹមតែបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ឆ្នាំនេះ ក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
លោក ណារ៉ុន តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង សេចក្តីក្លាយហាន និងទេពកោសល្យរបស់ក្មួយៗជាបេក្ខជន រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ នៅថ្ងៃនេះ។ ខ្ញុំជឿជាក់ថា ក្មួយៗនឹងខិតខំបញ្ចេញអស់ពីសមត្ថភាពសម្តែងប្រកបដោយភាពជឿជាក់ ដើម្បីសម្រេចនូវក្តីស្រមៃមួយនេះ។ យើងនៅទីនេះ រង់ចាំផ្តល់កម្លាំងចិត្តជូនក្មួយៗទាំងអស់គ្នា! ត្រូវមានភាពជឿជាក់លើខ្លួនឯង និងខិតខំធ្វើឱ្យល្អជាទីបំផុត!
លោក ថ្លែងអំណរគុណចំពោះអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យ សភាកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យបេក្ខជន អាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាពិសេសជំរុញការអនុវត្តស្មារតីឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។
លោក វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានខុងជី នៃរាជបណ្ឌិត្យកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងរំលេចឡើង នូវការប្រកួតប្រជែង ដ៏មានតម្លៃនាពេលនេះ៕