ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ អំឡុងពេលពិធីបុណ្យអុំទូក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។

ការលេីកឡេីងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាគោលដៅសំខាន់ជុំវិញព្រះមរបរាជវាំង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសចុះពិនិត្យនោះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ដោយសារការដាក់លក់ដូរទំនិញ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។

កម្លាំងសរុបទាំងជាង១ម៉ឺន៦ពាន់នាក់នេះ មកពី១៦ស្ថាប័ន អង្គភាព ក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន៕

To Top