ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ( TVET)។
![](https://dap-news.com/wp-content/uploads/2024/11/568-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/569-1024x682.jpg)
បើតាម លោករដ្ឋលេខាធិការ សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស. សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះគឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។
![](https://dap-news.com/wp-content/uploads/2024/11/570-1024x683.jpg)
បន្ថែមពីនេះ សម្រាប់សមាជិកដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/11/571-1024x682.jpg)
ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។
![](https://dap-news.com/wp-content/uploads/2024/11/572-1024x683.jpg)
ទន្ទឹមនេះ ក្រសួងការងារក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី TVET 1.5M និងការបង្ហាញពីមុខជំនាញទាំង ៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។
![](https://dap-news.com/wp-content/uploads/2024/11/573-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/11/574-1024x682.jpg)
លោក កត្តា អ៊ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញរយៈពេល ៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)