ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃ១៤ វិច្ឆិកា ២០២៤ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងថ្ងៃទី១នេះ មានភ្ញៀវទេសចរណ៍អន្តរជាតិ និង ប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្ត ប្រមាណ១លាន ១សែននាក់ ខណៈអ្នកចូលរួមមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសភ្ញៀវបរទេស ។
ក្នុងចំនួយដ៏ច្រើននេះ លោកស្រី អ្នកនាំពាក្យ ក៏បានគូសបញ្ជាក់ថា “សម្រាប់អ្នកចូលរួម ដើរលេងកម្សាន្តក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ មានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវបរទេស” ។ ក្នុងនោះអ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ឆ្នាំនេះគណៈកម្មការបុណ្យជាតិ និងអន្តរជាតិ បានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេស អាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ។
លោកស្រី ដោ សម្ផស្ស បានបន្តថា ចំពោះការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀរៀបរយសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺ មានសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
លោកស្រី អ្នកនាំពាក្យ បញ្ជាក់ថា “មកដល់ម៉ោង៩កន្លះយប់នេះយើង អាចសន្និដ្ឋាន បានថាទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនានា មានសភាពល្អប្រសើរ មិនមានបាតុភាពអាក្រក់អ្វីគួរឲ្យកត់សំគាល់ទេ ។
ដោយឡែកចំពោះការបោសលាងសម្អាតបរិស្ថានអនាម័យ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក សម្រាប់ថ្ងៃទី១បានបញ្ចប់ទៅ ក្រុមការងារខាងសម្អាតអនាម័យ បានសម្រុករួតរះសម្អាត ដោយការប្រមូលសំរាម និងមានការបាញ់ទឹកលាងសម្អាតផងនោះ បានបញ្ចប់ដោយជោគជ័យត្រឹមម៉ោង៥កន្លះទាភ្លឺ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ដោ សម្ផស្ស នាព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ ។
លោកស្រី ដោ សម្ផស្ស បានបញ្ចាក់ថា “ការគ្រប់គ្រងសំរាម ឬប្រមូលសំរាមចេញពីតំបន់កម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺយើងគ្រប់គ្រងបានដូចរាល់ឆ្នាំ មិនមានការយឺតយ៉ាងឬកក់ស្ទះសំរាមនោះទេ”៕