ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។
វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗ ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយ ចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហាញពី ភូមិសាស្រ្តនៃប្រទេសកម្ពុជា ជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ លោកបណ្ឌិតបានចែករំលែក ពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេស របស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) គម្រោងមួយចំនួនដែលកំពុងអនុវត្ត ដោយទុនផ្ទាល់របស់ធនាគាររួមមាន គម្រោងកសិកម្មវៃឆ្លាត, ឥណទានគាំទ្រសហគមន៍កសិកម្ម, ឥណទានគាំទ្រកសិករខ្នាតតូច, ឥណទានគាំទ្រសហគ្រិនស្រ្តី, ឥណទានបៃតង ជាដើម (៣) គម្រោងដែលអនុវត្តជាមួយដៃគូអភិវឌ្ឍន៍មានដូចជា AIMS (ដែលគាំទ្រដោយ IFAD), CASDP (ដែលគាំទ្រដោយធនាគារពិភពលោក), និង ACSEP (ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី) (៤) ការគាំទ្រផ្នែកបច្ចេកទេសបន្ទាប់ពីទទួលបានឥណទាន និង (៥) ការផ្សព្វផ្សាយពីតម្លៃកសិផល, បទយកការណ៍និងការផលិតវីដេអូខ្លី ពីបច្ចេកទេសការដាំដុះ ការចិញ្ចឹម ការកែច្នៃ ជាដើម តាមរយៈទូរទស្សន៍អនឡាញ។
បណ្ឌិត កៅ ថាច បានគូសបញ្ជាក់បន្ថែមថា ការពង្រឹងការអភិវឌ្ឍប្រកបដោយ ចីរភាពត្រូវការកិច្ចសហប្រតិបត្តិការ និងការចូលរួមពីតួអង្គពាក់ព័ន្ធ។
ធនាគារអភិវឌ្ឍន៍ជាតួអង្គរួមចំណែកតាមរយៈការគាំទ្រ៖ ផ្នែកហិរញ្ញវត្ថុដែលសំដៅដល់ឥណទាន និងផ្នែកមិនមែនហិរញ្ញវត្តុដែលសំដៅ ដល់ការធ្វើទំនើបកម្មឌីជីថលនិង Fintech ដែលជាមធ្យោបាយជួយសហគមន៍ និងវិស័យដែលងាយរងគ្រោះទទួលបាន សេវាហិរញ្ញវត្ថុមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ការគាំទ្រផ្នែកបច្ចេកទេស ៕