ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងពលរដ្ឋ ជាច្រេីន ចូលរួមអកអំបុក តាមប្រពៃណី នៅវត្តភ្នំ នារាត្រីថ្ងៃទី២ ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ នៅរាត្រីថ្ងៃ១៥កើតពេញបរមី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ មកពីទីជិតទីឆ្ងាយចូលរួម យ៉ាងសប្បាយរីករាយ ។

ការរៀបចំពិធីនេះឡើងវិញ ចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ស្របគ្នា នឹងការប្រាព្ធឡេីងពិធីឡើងវិញ ជាលើកទី២ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ពិធីអកអំបុក ក៏ជាព្រះរាជពិធីមួយ ដែលប្រារព្ធនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ ដែលគេយកមកប្រើ ក្នុងពិធីអកអំបុក ដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជា មួយចំនូនទៀត។

ពិធីនេះភាគច្រើនគេប្រារព្ធឡើង នៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះ ក៏បានផ្សាភ្ជាប់ជាមួយ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។

សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេស ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

យោងតាមឯកសារ ដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ពីប្រវត្តិ នៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាល ដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា៖នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

To Top