ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខជារួម ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ត្រូវបានបិទបញ្ចប់ជាមួយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរបរទេសសរុបជាង៦លាននាក់។

របាយការណ៍វាយតម្លៃរួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអះអាងថា ក្នុងរយៈពេលបីថ្ងៃមកនេះ ប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយប្រកបដោយទឹកមុខសប្បាយរីករាយ នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមផែនការដែលបានដាក់ចេញ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា កត្តាសំខាន់ដែលនាំឲ្យទទួលបានជោគជ័យដូចបានពោលខាងលើ គឺអាស្រ័យដោយ៖
ទី១៖ ការដាក់ចេញនូវគោលការណ៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពបត់បែន រស់រវើក ម៉ឺងម៉ាត់ និងហ្មត់ចត់ក្នុងការគ្រប់គ្រង់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យ។

ទី២៖ ការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សម្រាប់ ព្រះរាជពិធីបុណ្យ និងការពង្រឹងវិធានការសន្តិសុខជារួមនៅទូទាំងប្រទេសសម្រាប់បម្រើឲ្យព្រឹត្តិការណ៍នេះផងដែរ។

ទី៣៖ ស្មារតីទទួលខុសត្រូវពីគ្រប់យន្តការបញ្ជាការដឹកនាំគ្រប់គោលដៅ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការដឹកនាំ ចាត់តាំងអនុវត្តផែនការធានាសន្តិសុខ ព្រះរាជពិធីបុណ្យស្របតាមជំនាញ និងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការចូលរួមដោយស្មោះស្ម័គ្រ លះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តរបស់ប្រជាការពារ និងភ្នាក់ងារសន្តិសុខឯកជន បំពេញភារកិច្ចនៅតាមគោលដៅដែលបានកំណត់។

ទី៤៖ ការតស៊ូអត់ធ្មត់ និងការលះបង់របស់កងកម្លាំងនគរបាលជាតិ ព្រមទាំងមានកិច្ចសហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើឲ្យព្រឹត្តិការណ៍នេះ ដំណើរការដោយជោ គជ័យគួរជាទីមោទនៈ។

ទី៥៖ ការចូលរួមយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ គោរពគ្នាទៅវិញទៅមក និងគោរពតាមគោលការណ៍ណែនាំនានា ទើបបរិយាកាស នៃការប្រារព្ធ ព្រះរាជពិធីនេះមានភាពអធិកអធម និងសប្បាយរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ មានអំពើហិង្សាដោយចេតនា ១លើក បង្កដោយជនជាតិខ្មែរម្នាក់ និងជនជាតិកូរ៉េ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ខណ្ឌដូនពេញដើម្បីបន្តនីតិវិធី។

លួចម៉ូតូ ១លើក (នៅគោលដៅរង្វង់មូលនាងមច្ឆា)។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស៊ើបអង្កេត។ លួចទូរស័ព្ទដៃ ៣លើក ដែលករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

កម្លាំងការពារគោលដៅ បានរកឃើញករណីវង្វេងសាច់ញាតិចំនួន ១៧៦នាក់ (ជនជាតិឥណ្ឌាម្នាក់ មនុស្សចាស់៦នាក់ និងកុមា ១៦៩នាក់) ដោយបានធ្វើការប្រកាសផ្សព្វផ្សាយរកឃើញ និងប្រគល់ជូនសាច់ញាតិវិញដោយសុវត្ថិភាព។

កងកម្លាំងបានចេញអន្តរាគមន៍ជួយសង្រ្គោះទូកលិចទឹក ចំនួន ២១ទូក ដោយសង្រ្គោះកីឡាករបានទាំងអស់ និងបានសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន១៤នាក់ ប្រកបដោយសុវត្ថិភាព។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ១២,៩២៥នាក់ (ស្រី ៣,៦៣៨នាក់) និងបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន ២៧នាក់៕

To Top