ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់ អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សា វេស្សវ័ណ និងសាលាបឋមសិក្សាព្រះដាក់ ខេត្តសៀមរាប ដែលជាសាលារៀនពីរ ក្នុងចំណោមសាលារៀន ទាំង ១១១៤ នៅកម្ពុជា កំពុងអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ដោយប្រើប្រាស់កសិផល សហគមន៍។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូទាំងអស់ មានឱកាសសិក្សាស្វែងយល់ ពីការអនុវត្តកម្មវិធីផ្ដល់ អាហារតាមសាលារៀន ដែលក្រសួងអប់រំ យុវជន និងកីឡាបាន និងកំពុងខិតខំប្រឹងប្រែងអនុវត្ត។
លោកឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានពិនិត្យមើលទិដ្ឋភាពទូទៅនៃសាលារៀន និងថ្នាក់រៀន រួមទាំងការអនុវត្តនូវ ស្តង់ដាចម្អិនអាហារ ស្តង់ដាអនាម័យ និងស្តង់ដាអាហារូបត្ថម្ភ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ ដូចគ្នានឹងសាលារៀននានា ដែលកំពុងអនុវត្តកម្មវិធី ផ្តល់អាហារនៅសាលារៀន ដោយប្រើប្រាស់ កសិផលសហគមន៍ សាលាបឋមសិក្សា វេស្សវ័ណ និងសាលាបឋមសិក្សាព្រះដាក់ បាន និងកំពុងអនុវត្តកម្មវិធីនេះ ដោយផ្គត់ផ្គង់អាហារពេលព្រឹកមុនពេលចូលរៀន ដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ដែលរបបអាហារ សម្រាប់សិស្សម្នាក់ៗត្រូវបានកំណត់ដោយផ្អែកលើលទ្ធភាពទទួលយកបាន និងស្របតាមតម្រូវការ អាហារសម្រាប់កុមារ និងកម្រិតអាហារូបត្ថម្ភ រួមមាន អង្ករ ត្រី សាច់ ស៊ុត និងបន្លែ ដែលជាអាហារចម្បងនៅកម្ពុជា និងត្រូវបានផ្គត់ផ្គង់ដោយប្រជាកសិករក្នុងសហគមន៍ជារៀងរាល់ថ្ងៃ រីឯប្រេងឆា និងអំបិលអ៊ីយ៉ូត ត្រូវបានបន្ថែម ដើម្បីបង្កើនថាមពល និងបំពេញជាតិអ៊ីយ៉ូតដល់កុមារ។
សូមបញ្ជាក់ផងដែរថា កម្មវិធីផ្តល់អាហារ នៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ជាផ្នែកមួយ នៃការពង្រឹង គុណភាពអប់រំ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ។ កម្មវិធីនេះ ចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច ក្នុងសហគមន៍ផងដែរ ។ បន្ថែមពីនេះ ការផ្តល់អាហារដល់សាលារៀន មិនត្រឹមតែជួយដល់ការសិក្សា របស់សិស្សានុសិស្ស តាមរយៈការលើកទឹកចិត្តឱ្យពួកគេមករៀនទៀងទាត់នោះទេ កម្មវិធីនេះថែមទាំងគាំទ្រដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ពួកគេផងដែរ។
គោលបំណងដ៏សំខាន់ បន្ថែមលើការអនុវត្ត គោលនយោបាយអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការ ទទួលបានអាហារចម្រុះរបស់កុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍គ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីក៏បានរួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ក៏ដូចជាឱកាសរកប្រាក់ចំណូលសម្រាប់កសិករ និងអ្នកផ្គត់ផ្គង់ស្បៀងខ្នាតតូចតាមមូលដ្ឋានផងដែរ៕