ព័ត៌មានជាតិ

សម្តេច ឃួន សុដារី៖ ខេត្តក្វាងទុង ជាផ្នែកសំខាន់មួយក្នុងការជួយជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបាន ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់សភាខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យបានកាន់សកម្ម និងគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិតនិងគ្រប់វិស័យ ពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនាំមកនូវផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេច បានលើកឡើងដូច្នេះក្នុងឱកាសអនុញ្ញាតជូន លោក ហួង លី (Huang Li) ប្រធានគណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសដែល លោក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាខេត្តក្វាងទុងជាខេត្តមួយមានដែលសក្តានុពលសេដ្ឋកិច្ចនិងនវានុវត្តន៍ខ្ពស់ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនខ្លំាង។ សម្តេច បានស្នើដល់ លោកមប្រធានគណៈប្រតិភូជួយជំរុញនិងសម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញអ្នកវិនិយោគចិនមកកម្ពុជា និងជួយបញ្ជាទិញផលិតផលកសិកម្មពីកម្ពុជា និងជំរុញការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងលើកសិកម្មទំនើប។

សម្តេច ប្រធានរដ្ឋសភា លើកឡើងថា «ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន និងមានលក្ខណៈពិសេស ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសទំាងពីរ។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាលពីឆ្នាំ២០២៣ សម្រេចបានជាង១២ពាន់លានដុល្លារ ហើយត្រឹម៨ខែ ឆ្នាំ២០២៤នេះ គឺសម្រេចបានជាង១០ពាន់លានដុល្លារហើយ។ ដូច្នេះការឆ្ពោះទៅសម្រេចបាននូវគោលដៅ ១៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ»។

សម្តេច បានសង្កត់ធ្ងន់ថា «ខេត្តក្វាងទុងជាផ្នែកសំខាន់មួយ នៅក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបានតាមផែនការគ្រោងទុក»។

លោក ហួង លី បានជម្រាបជូនសម្តេចពីភូមិសាស្រ្ត និងសក្តានុពលសំខាន់ៗរបស់ខេត្តក្វាងទុង ដែលមានប្រជាពលរដ្ឋ ១៥០លាននាក់ និងបានគោរពអញ្ជើញ សម្តេច ទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុងក្នុងពេលវេលាសមស្របណាមួយ ផងដែរ៕

To Top