ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េ មានបំណងចង់​ វិនិយោគកែច្នៃ គ្រាប់ស្វាយចន្ទីនាំចេញ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈ វិនិយោគិនកូរ៉េ មានបំណងចង់វិនិយោគកែច្នៃ គ្រាប់ស្វាយចន្ទីនាំចេញ ។

លោក Lee Kee Yun បានបន្តជម្រាបជូនថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈ សំណង់សំខាន់មួយ នៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណង ធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាព កែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេច នូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការផលិត និង ការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើន ជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រ មួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារ អាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផល ច្រើនប្រភេទ រួមទាំងជាផលិតផល ចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។ល។ ដែលមាន តម្លៃបន្ថែមខ្ពស់ ។ លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និង តំបន់ជុំវិញគឺជាតំបន់ ដែលមានអំណោយផល ទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។

ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគ ឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹង ដំណាំស្វាយចន្ទី៕

To Top