ព័ត៌មានជាតិ

សាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើបាឋកថា ស្តីពីការបង្កើតកិច្ចសហការ នៅក្នុងការដឹកនាំវិស័យសុខាភិបាល

រូបភាព៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៩ វិច្ឆិកា បានធ្វើបាឋកថា ស្តីពីការបង្កើតកិច្ចសហការ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាល ប្រកាន់យកទម្លាប់ធ្វើការងារអ្វី ត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការឱ្យលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែម ទៅយន្តការដែលមានស្រាប់។

ផ្ទាំងពាណិជ្ជកម្ម

ជាកិច្ចបន្តសាស្ត្រាចារ្យក៏បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការ (Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការ (Cooperation) និងបង្ហាញពីសារៈ សំខាន់របស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។

នៅក្នុងបទបាឋកថា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញឱ្យមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតឱ្យមានលទ្ធផល ដែលមានប្រសិទ្ធភាពនិងនិរន្តរភាព៕

To Top