ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងចូលរួមកិច្ចប្រជុំ ពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ នៅហ្វីលីពីន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25th ACAMM) និងកម្មវិធីពាក់ព័ន្ធ នៅទីក្រុងថាឡាក សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កងទ័ពជើងគោក នាថ្ងៃទី២០ វិច្ឆិកានេះ បានឲ្យដឹងថា ការដឹកនាំប្រតិភូ ទៅចូលរួមកិច្ចប្រជុំពហុមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាននេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងជាប្រធានប្តូរវេនកិច្ចប្រជុំ ។

កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25″ ACAMM) រៀបចំឡើង ក្រោមប្រធានបទ ពង្រឹងភាពជាដៃគូ និងមិត្តភាព ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ (Strengthening Partnership and Camaraderie Towards Regional Stability)។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងអញ្ជើញ ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន រួមជាមួយ ជំនួបទ្វេភាគីជាមួយ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ទាំងអស់ផងដែរ ៕

To Top