ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប្រកាន់យកនូវស្មារតីភាព ជាដៃគូល្អបន្ដទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ នេះគឺជាការថ្លែង របស់លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួង សុខាភិបាល ក្នុងពិធីជប់លៀង អបអរសាទរគម្រប់ខួប១០ឆ្នាំ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ្គាធិន ស៊ីធី ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ។
លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានមានប្រសាសន៍ថា ការរៀបចំអបអរសាទរខួប១០ឆ្នាំ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាពេលនេះបានបង្ហាញ ពីសក្ខីភាពនៃការយកចិត្ដទុកដាក់ និងផ្ដល់តម្លៃជាវិជ្ជមាន និងឆន្ទៈដ៏មុត ស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងភាពជាដៃគូរឹងមាំរវាងរដ្ឋ និងវិស័យឯកជនប្រកបដោយភាពជឿជាក់ និងស្មោះត្រង់ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា ។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីបានដាក់ចេញនូវ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
រដ្ឋលេខាធិការ បន្ដថា ការគិតគូររៀបចំយុទ្ធសាស្រ្ដនេះ បានផ្ដោតលើអាទិភាពគន្លឹះចំនួន៥ ក្នុងទម្រង់យុទ្ធសាស្រ្ដបញ្ចកោណមុំទី៣ នៃបញ្ចកោណទី១ ស្ដីពីការភិវឌ្ឍវិស័យឯកជន និងការងារ ដែលបានរំលេច យ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងភាពជាដៃគូ ក្នុងវិស័យសាធារណៈ និងឯកជន ដែលជាគោលដៅយុទ្ធសាស្រ្ដ គឺការបន្ដពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្ដការមិនអាចខ្វះបាន និងមានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន ។
រដ្ឋលេខាធិការបានអះអាងថា រាជរដ្ឋាភិបាលអាណត្ដិទី៧នៃរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលអាណត្ដិមុនៗដែរ បានយកចិត្ដទុកដាក់ និងផ្ដល់អាទិភាពខ្ពស់លើវិស័យសុខាភិបាល ដែលក្នុងនោះ ការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជន ត្រូវបានរំលេចយ៉ាងច្បាស់ ក្នុងមុំទី៣ នៃបញ្ចកោណទី១ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្រ្ដ ក្នុងការកាត់បន្ថយអត្រាស្លាប់ និងអត្រាឈឺ បណ្ដាលមកពីជំងឺ មិនឆ្លងបម្បងៗ ការបន្ដលើកកម្ពស់សុខភាពបន្ដពូជ សុខភាពទារក កុមារ និងមាតា ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្ដកម្ម និង អភិបាលកិច្ចក្នុងវិស័យសុខាភិបាល ការបន្ដលើកកម្ពស់គុណភាព និងសមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺ ការបន្ដពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍។
វេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានកោតសរសើរមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ដែលបានរួមចំណែកជួយការពារសង្គមជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលកាចសាហាវ ជាពិសេសក្នុងអំឡុង ពេលនៃការរាតត្បាតជំងឺកូវីដ១៩ ការចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ដជារៀងរាល់ឆ្នាំ បរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការអប់រំសុខភាព ពិសេសស្រ្ដីដែលមានគភ៌នៅត្រឹមត្រីមាសទី១ និងទី២ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីទទួលបានចំណេះដឹងបែបថ្មី ស្ដីពីរបៀបថែទាំសុខភាពរបស់មាតា និងទារកការត្រៀមសម្រាលរបស់មាតា និងការចូលរួមចំណែករំលែកបទ ពិសោធន៍ដោយវេជ្ជបណ្ឌិត ជំនាញប្រចាំនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។ បន្ថែមលើនេះទៀត មន្ទីរពេទ្យ ក៏បានចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA ផ្ដល់ការវះកាត់បេះដូង ជូនអ្នកជំងឺដោយមិនគិតថ្លៃផងដែរ។
ជាមួយគ្នានេះដែរ តាងនាមក្រសួងសុខាភិបាល លោក ស៊ិក ប៊ុណ្ណា ក៏កោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏ដូចជាមន្ទីរពេទ្យឯកជនដទៃទៀត ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចូលរួមវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បាន បញ្ជាក់ថាក្រោមចក្ខុវិស័យរួម និងដោយឆ្លុះបញ្ចាំងពីដំណើរ ការរបស់មន្ទីរពេទ្យ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ជាមួយនឹងបុគ្គលិកតិចជាង ១០០នាក់ ហើយបានចូលរួមជាមួយអ្នកជំងឺតិចជាង ៤០ ០០០ នាក់ក្នុងមួយឆ្នាំ។ លោកសាស្រ្ដាចារ្យគូសបញ្ជាក់ថា សព្វថ្ងៃនេះ អាចនិយាយដោយមោទកភាពថា ឥឡូវនេះរីកចម្រើន ដោយមានបុគ្គលិកសរុបជាង ៣៨៦នាក់ ហើយបានព្យាបាលអ្នកជំងឺជាង ៨០ ០០០នាក់ រៀងរាល់ឆ្នាំ ហើយនេះជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តឥតងាករេ របស់ចំពោះឧត្តមភាព នៃការថែទាំសុខភាព។
លោកសាស្រ្ដាចារ្យបានថ្លែងផងដែរថា ការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យ ចំពោះគុណភាពត្រូវបានបង្ហាញបន្ថែមទៀតដោយការអបអរសាទ ហើយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបាននូវការទទួលស្តង់ដារ អាម៉េរិក (JCI) ជាលើកដំបូងក្នុងឆ្នាំ២០១៧ បន្ទាប់មកទៀតនៅឆ្នាំ២០២០ និងចុងក្រោយបំផុតនៅឆ្នាំ២០២៣ ។ លើសពីនេះ បានទទួលពានរង្វាន់ គិលានុបដ្ឋាយិកាល្អពី BDMS ក្នុងឆ្នាំ២០១៧ ហើយនៅឆ្នាំ២០២១ មានមោទកភាពក្នុងការទទួលបានពានរង្វាន់ជាមន្ទីរពេទ្យឆ្នើមនៅកម្ពុជា(The Best Hospital in Cambodia) ទទួលស្គាល់ដោយពាន រង្វាន់ដោយសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក (Global Health Asia Pacific Awards) ។ បន្ថែមពីនេះទៀត មន្ទីរពេទ្យទទួលបានពានរង្វាន់ ផ្នែការព្យាបាលការប៉ះទង្គិចខួរក្បាលដោយឧបទ្ទវហេតុ (TBI) ក្នុងឆ្នាំ២០១៩ និងលើកទី ២ នៅឆ្នាំ ២០២២។
លោកសាស្រ្ដាចារ្យបានថ្លែងបញ្ជាក់ថា «សមិទ្ធផលទាំងនេះគឺជាកម្លាំងចិត្ត និងតំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និងការជឿទុកចិត្តរបស់អ្នកជំងឺមកលើយើង និងសហគមន៍ថែទាំសុខភាពរបស់យើង»។
លោកសាស្រ្ដាចារ្យបានប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការថែទាំប្រកបដោយគុណភាព ដោយធានាបាននូវសុវត្ថិភាព និងតម្លៃសមរម្យសម្រាប់អ្នកជំងឺ។ លោកសាស្រ្ដាចារ្យបានបន្ថែមថា «យើងផ្តល់ការសន្យាដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅមួយ ដើម្បីឱ្យអ្នកជំងឺ មានទំនុកចិត្តជាមុនសិន និងធានាថាបុគ្គលគ្រប់រូប ដែលចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ របស់យើងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់។ យប់នេះ យើងអបអរសមិទ្ធិផលរបស់យើង ជាមួយនឹងការលះបង់ និងការសហការគ្នា យើងនឹងបន្តកសាងសុខភាព សម្រាប់ប្រជាជនកម្ពុជា» ៕