កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុកចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួនបានរងការខូចខាតផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះបានស្ថាបនារួចរាល់ និងចំណុចខ្លះទៀតកំពុងតែបន្តស្ថាបនាឡើងវិញផងដែរ
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពានមួយកន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះកំពុងស្ថាបនាបានសសររួចទាំងស្រុង និងគ្រឹះក្រោម ដែលស្ពាននេះដែរនឹងអាចសាងសង់រួចរាល់នៅបំណាច់ឆ្នាំ២០២៤នេះ។
លោកអភិបាលខេត្ត បានបន្ថែមថា ក្រៅពីនោះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលពួកគាត់ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ឃើញថាការដាំដុះរបស់កសិករយើង មានការលូតលាស់ល្អ ដែលយើងរំពឹងទុកថា កសិករយើង និងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជ ដែលរដ្ឋាភិបាលបានផ្ដល់ជូននោះ ៕