ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យអនុវត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅគឺមានរយៈកាលមួយឆ្នាំហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះអ្នកជំនាញសេដ្ឋកិច្ច នៅកម្ពុជាបានវាយតម្លៃថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលនេះ បានក្លាយទៅជាថ្នាលបណ្តុះបណ្តាល កម្លាំងជំនាញ មួយយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយតាមរយៈសន្ទុះកើនឡើង នៃកម្លាំងជំនាញនៅក្នុងស្រុកនេះ គឺស្របតាមរបត់ថ្មីមួយ ក្នុងការកែប្រែទិសដៅ វិនិយោគបរទេសនៅកម្ពុជា ដែលនឹងអាចប្រែក្លាយខ្លួនយ៉ាងឆាប់ រហ័សក្នុងការចូលរួមប្រកួត ប្រជែងលំហូរ វិនិយោគនៅតំបន់អាស៊ាន និងសកលលោក ។
បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអាចទាក់ទាញយុវជនចូលរៀនជំនាញបានជាង៧មុឺននាក់ក្នុងរយៈពេលឆ្នាំមកនេះ វាពិតជាដំណើរការដ៏គួរឱ្យកត់សម្គាល់ និងជាសមិទ្ធផលដ៏ល្អប្រពៃក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍជំនាញ និងការបង្កើនជំនាញនៅកម្ពុជា។
នាយកប្រតិបត្តិវិទ្យាស្ថាន ចក្ខុវិស័យអាស៊ីរូបនេះបន្តថា ការអភិវឌ្ឃន៍ កម្លាំងជំនាញគឺជារឿង ចាំបាច់ណាស់នៅក្នុងយុគ សម័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវការកម្លាំងពលកម្មជំនាញដើម្បីទាក់ទាញការ វិនិយោគបរទេសបន្ថែមទៀត ក្នុងវិស័យផលិតកម្ម និង ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូច្នេះកម្មវិធីប ណ្តុះបណ្តាល ជំនាញរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះនឹងក្លាយទៅជាសូចនាករមួយដ៏មានសក្តានុពល និងចម្បងក្នុងការផ្លាស់ប្តូមុខមាត់សេដ្ឋកិច្ចកម្ពុជា។
បើទោះបីយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងយុគសម័យ សេដ្ឋកិច្ចបែបថ្មីនេះ ប្រទេសកម្ពុជាត្រូវការវិនិយោគធនធានបន្ថែមទៀតដើម្បីបណ្តុះបណ្តាលយុវជននូវជំនាញអនាគតដែលឆ្លើយតបនឹងទីផ្សារការងារនាពេលអនាគត ដូចជាជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាជំនាញផ្សេងទៀត ដែលកម្ពុជាគួរតែផ្តោតទៅ លើបន្ថែមលើការអភិវឌ្ឍជំនាញមូលដ្ឋាន។
ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថាន មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលនេះ នឹងក្លាយទៅជាចលករ ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពរបស់កម្ពុជា ពីព្រោះកម្មវិធីបណ្តុះបណ្តាល ថ្នាក់ជាតិមួយនេះ បានក្លាយទៅជាថ្នាល នៃការបង្កើតកម្លាំង ជំនាញជាច្រើនមុឺននាក់ រួចស្រាប់ទៅហើយ នៅក្នុងរយៈពេលមួយឆ្នាំមកនេះ ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តជាផ្លូវការ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះនឹងនាំកម្ពុជា ទៅដល់ការបង្កើតកម្លាំង ធនធានផលិតកម្មដ៏ខ្លាំងមួយដែលមានផលិតភាពខ្ពស់ នឹងឈានដល់អភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា ដែលជាយន្តការក្នុងការកែប្រែកម្ពុជា ពីការពឹងផ្អែកលើវិស័យកសិកម្ម មកពឹងផ្អែកលើឧស្សាហកម្ម និងពីសហគ្រាសខ្នាតតូចមធ្យម មកជាឧស្សាហកម្មធន់ធ្ងន់។
លោក បណ្ឌិតបានគូសបញ្ជាក់បន្តថា ការសិក្សាឱ្យបានច្បាស់លាស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីទទួលបានលទ្ធផលផ្លែផ្កា លើការបង្កើនកម្លាំងជំនាញនៅកម្ពុជានេះ គឺនឹងធ្វើឱ្យការឧត្តមភាព នៃការប្រកួតប្រជែង របស់កម្ពុជាមានភាពខ្លាំង ដែលអាចឈានជើងក្នុងការ ប្រកួតប្រជែងមួយដ៏ធំនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀតនៅលើពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង៧មុឺននាក់នៅទូទាំងប្រទេស។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាល ទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុន ឯកជននានាក្រោមកិច្ចសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”៕