ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ប្រាប់ លេខាគណៈមជ្ឈឹមសហភាព យុវជនកុម្មុយនីស្តហូជីមិញ និងជាប្រធានសហភាព និស្សិតវៀតណាម ថា កម្ពុជា ក៏មានប្រវត្តិជួយទៅ ដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាម ក៏មានប្រវត្តិជួយមកដល់កម្ពុជាដូចគ្នា ។
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះមលោក ឃួង ស្រេង បានលើកឡើងថា “កម្ពុជា និងប្រទេសវៀតណាម គឺជាអ្នកជិតខាងមានភូមិផង របងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នា ជាយូរណាស់មកហើយ។ កម្ពុជា ក៏មានប្រវត្តិជួយទៅដល់ ប្រទេសវៀតណាម ហើយប្រទេសវៀតណាម ក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា” ។
លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា “ប្រទេសយើងទាំង២ បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឱ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាម មានចក្ខុវិស័យ ធ្វើឱ្យប្រទេសរបស់ខ្លួន ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥ ។ ចំណែកឯប្រទេសកម្ពុជាយើងវិញ ក៏មានចក្ខុវិស័យ ធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០”។
លោកអភិបាលបន្ថែមថា ថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយ បន្តទំនាក់ទំនង សហប្រតិបត្តការ កាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ទៅថ្ងៃអនាគត ។
ជាមួយគ្នានេះដែរ លោក ង្វៀន មិញជៀត បានលើកឡើងថា យុវជនវៀតណាម និងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និងកសាងអគារទីស្តីការរបស់ ស ស យ ក ដែលគម្រោងនេះ នឹងទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាចធ្វើកិច្ច ការងារនេះ ឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំ រវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។
លោក ង្វៀន មិញជៀត បានបន្តថា ការមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួន ជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរលឿនទៅមុខ។ បន្ថែមពីនេះបានដាក់គោលដៅ សហប្រតិបត្តិការថ្នាក់មជ្ឈិម និងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន បន្ថែមទៀតផងដែរ៕