ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ស្នើអង្គការកូដូខ្មែរ បន្តជួយរៀបចំ ដំណើរកម្សាន្តប្រចាំឆ្នាំ របស់និយោជិកបារាំង មកទស្សានាប្រទេស កម្ពុជា ឱ្យបានកាន់តែច្រើន

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យអង្គការកូដូខ្មែរ​ បន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ របស់និយោជិកបារាំង មកទស្សានាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាលំដាប់ និងជួយផ្សព្វផ្សាយ ពីសក្តានុពលទេស ចរណ៍កម្ពុជា ដល់ប្រជាជនបារាំង ឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាជនបារាំងមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជា ជាពិសេសទីតាំងអេកូទេសចរណ៍ ដែលស្រស់ស្អាត និងធម្មជាតិពិតៗ។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតជូនប្រតិភូ និយោជិកក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់​ ចំពោះការចូលរួមជំរុញ វិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកន្លងមក ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្ត របស់និយោជិកក្រុមហ៊ុន EDF/GDT ប្រទេសបារាំង មកទស្សនា និងបំពេញការងារ សប្បុរសធម៌ ដល់ប្រជាពលរដ្ឋ នៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូល ដល់សហគមន៍ ៕

To Top