ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើន មកដើរលេងនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងទៅនេះ មានភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើន មកដើរលេងកម្សាន្តនៅប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនស្មគ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកបានយ៉ាងល្អប្រសើរ ហើយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

សម្តេចបវរធិបតី បន្ដថា ការរៀបចំព្រះពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៤នេះ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន មកដើរលេងកម្សាន្ដ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ទេសចរណ៍ក៏មកច្រើន គ្រួសារខ្ញុំ មកពីក្រៅ ថាកាប៉ាហោះអាធំ ហោះពីសាំងហ្គាពួរ ពេញសុទ្ធអឺរ៉ុប ហើយសួរទៅគេថា មកលេងអុំទូក រាល់ដងគេមកស្រុកខ្មែរ គេអត់ដឹងកម្មវិធី តែលើកនេះ មួយចំនួនគេថា មកលេងអុំទូក គេថា ផ្សព្វផ្សាយរបស់យើង គេដឹង ចឹងគេមកសម្រាប់ពេលនឹង។ នៅសៀមរាប គេថា ពេលអុំទូក គឺជាពេលមួយដែលអ្នកនៅក្រៅរាជធានី បុកមកភ្នំពេញ ហើយអ្នកភ្នំពេញរត់ចេញទៅក្រៅ (ទៅតាមបណ្ដាខេត្ត)»។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកឲ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីប្រទេសកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយ ទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចថា គ្មានប្រទេសណាមួយល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា៕

To Top