ភ្នំពេញ ៖ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានមើលឃើញថា រៀងរាល់ថ្ងៃនេះទាំងរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)មានឆន្ទះខ្ពស់ ក្នុងការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏លោកស្នើឲ្យរួមដៃគ្នាបន្ថែមទៀតបង្ក្រាបចំពោះបទល្មើសនេះ។
លោក អំ សំអាត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២០ វិច្ឆិកាថា ខ្លួនពិតជាទទួលស្គាល់ចំពោះស្នាដៃរបស់រាជរដ្ឋាភិបាល និងគ.ជ.ប.ជដែលមានសកម្មភាពចុះបង្ក្រាបករណីជួញដូរមនុស្សហើយ តែលោកសូមទាមទារឲ្យខិតខំបន្ថែមល្បឿនទៀត ខណៈបច្ចុប្បន្នការជួញដូរកំពុងតែក្តៅគគុកផងដែរ។
លោកគូសបញ្ជាក់ថា “ការបង្ក្រាបការជួញដូរមនុស្សនេះ យើងឃើញថា រាជរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានឆន្ទះក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ប៉ុន្តែអ្វីជាបញ្ហាគឺទំនើបកម្មនៃការជួញដូរមានការសាំញ៉ាំជំពាក់វាក់វិនទៅដោយជាលក្ខណៈប្រព័ន្ធនៃការជួញដូរមនុស្សនៅលើឆាកអន្តរជាតិ”។
ដោយសារចំណុចនេះ លោកថា សម្រាប់ការបង្រ្កាបបទល្មើសនេះត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ។ លោកថា ជាពិសេសពលរដ្ឋក៏ជាភ្នាក់ងារសំខាន់ផងដែរ ក្នុងការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើពួកគាត់ឃើញសកម្មភាពណាមួយមិនប្រក្រតី តែលោកក៏ស្នើឲ្យការពារសុវត្ថិភាពពលរដ្ឋផងដែរ នៅពេលរាយការណ៍ពីបញ្ហាទាំងអស់នេះ។
ជាមួយគ្នានេះ លោកក៏ស្នើថា បើរកឃើញអ្នកនៅពីក្រោយនៃបទល្មើសជួញដូរមនុស្សនេះជាអ្នកធំអ្នកមានអំណាចត្រូវដាក់ទោសតាមច្បាប់ជាធរមានកុំលើកលែងឲ្យសោះ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក អំ សំអាតនេះ បន្ទាប់ពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា បច្ចុប្បន្នកម្ពុជា កំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេសដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស ៕