ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យអង្គការកូដូខ្មែរ បន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ របស់និយោជិកបារាំង មកទស្សានាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាលំដាប់ និងជួយផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនបារាំង ឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាជនបារាំងមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជា ជាពិសេសទីតាំងអេកូទេសចរណ៍ ដែលស្រស់ស្អាត និងធម្មជាតិពិតៗ។
ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតជូនប្រតិភូនិយោជិកក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកន្លងមក ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្ត របស់និយោជិកក្រុមហ៊ុន EDF/GDT ប្រទេសបារាំង មកទស្សនា និងបំពេញការងារសប្បុរសធម៌ ដល់ប្រជាពលរដ្ឋនៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូល ដល់សហគមន៍៕



