ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ឱ្យសិក្សាផ្លូវរថភ្លើង ភ្ជាប់ពីចំណុចផ្លូវឃ្យុងយូ ឆ្ពោះទៅព្រលានយន្តហោះ​​ អន្តរជាតិសៀមរាប-អង្គរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីគម្រោងសិក្សាផ្លូវរថភ្លើង ពីក្រុងសៀមរាបភ្ជាប់ពី ចំណុចផ្លូវឃ្យុងយូឆ្ពោះទៅព្រលានយន្តហោះ​​អន្តរជាតិសៀមរាប-អង្គរ ដែលមានប្រវែងប្រមាណ ១៣គីឡូម៉ែត្រ ដើម្បីជួយសម្រួលបន្ថែមដល់ ការធ្វើដំណើររបស់​ពលរដ្ឋ និងអ្នកទេសចរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ បញ្ជាក់ថា «ខ្ញុំកំពុងឱ្យសិក្សាមួយខ្សែទៀត ទី១គឺបានសិក្សាហើយផ្លូវរទេះភ្លើង ពីព្រលានយន្តហោះទៅក្រុង តែខ្ញុំឱ្យសិក្សាមួយខ្សែទៀតខ្លីតពីផ្លូវឃ្យុងយូ ដែលមានស្រាប់តែធ្វើថ្មីតែ ១៣គីឡូ(ម៉ែត្រ)គត់ តពីផ្លូវក្នុងដែលមានស្រាប់ បុកពី​កន្លែ​ង​ផ្លូវកាច់ហ្នឹងឡើង​ទៅ​បន្ទាយស្រី។ បុក១៣គីឡូ(ម៉ែត្រ) ឡើងទៅព្រលានយន្តហោះ​របស់ចិន។ យើងបើកច្រកអាហ្នឹងមួយទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋយើង និងផ្លូវទៅព្រលានយន្តហោះសៀមរាបឱ្យកាន់តែធូរ»។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីក៏បាននិងកំពុង ដាក់កំហិតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែកនៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងវិស័យជំរុញភស្តុភាកម្ម។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការពង្រីក​ផ្លូវ​ជាតិ​លេខ៦ និងគម្រោងសាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពង្រីកលទ្ធភាពធ្វើដំណើររបស់ពលរដ្ឋ។

ទាក់ទងនឹងគម្រោង សង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBCរបស់ចិន វិនិយោគសាងសង់ ដោយបច្ចុប្បន្ន ក្រុមហ៊ុននេះ បានបញ្ចប់ការសិក្សាហើយ និង​កំពុង​​រៀបចំបូកសរុបវាយតម្លៃ​សន្និដ្ឋាន ដើម្បីដាក់ជូនរាជ​រដ្ឋាភិបាល។

​គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែង​ប្រមាណ ៤២០គីឡូ​ម៉ែត្រ ​ចាប់ផ្តើមពីភាគខាងជើង (មហា​​វិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅ​ក្រុងប៉ោយប៉ែត ខេ​ត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ការសាង់សង់ នឹងត្រូវបានចែកចេញ​ជា​ពីរជំហាន ដោយជំហាន១ ​ភ្នំពេញ​-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២,៥ពាន់លានដុល្លារ។ ចំ​ណែកជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥១គីឡូម៉ែត្រ គ្រោងចំណាយថវិកា​ប្រមាណ ១,៧ពាន់លានដុល្លារ៕

To Top