ពោធិ៍សាត់៖ បន្ទាប់ពីបានដំណើរការអស់រយះពេល ១ ថ្ងៃកន្លះនៃវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០គឺបានផ្តល់ឱកាសដល់មន្ទីរ ស្ថាប័ន រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ អង្គការសង្គមសុីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធនានាបានចូលរួមសន្ទនាគ្នា ដើម្បីផ្តល់នូវព័ត៌មានត្រឡប់ និងសម្តែងនូវបញ្ហាប្រឈម សំនូមពរ ក្ត៏កង្វល់ និង តម្រូវការចាំបាច់ជាអាទិភាពនានាសរុបប្រមាណ ៤៤ ករណី។
សម្រាប់ពិធីបិទវេទិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។
ថ្លែងក្នុងពិធីបិទវេទិការ លោកខូយ រីដា អភិបាលខេត្តបានលើកឡើងថា ដើម្បីចូលរួមក្នុងវេទិការរវាងរាជរដ្ឋាភិបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ពិតជាមានសារះសំខាន់ដែលជាការឆ្លុះបញ្ចាំង មនសិការ និង ស្មារតីទទួលខុសត្រូវក្នុងការចូលរួមចំណែក អនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ស្វាហាប់ ឈ្លាសវៃ បុិនប្រសព្វរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្តក៍បានមានប្រសាសន៍ បន្តថាវេទិការថ្នាក់ខេត្តសម្រាប់ឆ្នាំ ២០២៤នេះគឺបានបង្ហាញពីការយល់ដឹងសុីជម្រៅ អំពីដំណើរការនិងសារះសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានា និង អង្គការសង្គមសុីវិល តាមរយះការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម ក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលរដ្ឋបាលខេត្តទទួលបាន របាយការណ៍ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមកប្រមាណ ៤៤ ករណី។
នៅក្នុងពិធីបិទវេទិកាថ្នាក់ខេត្តនេះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានធ្វើការ សម្របសម្រួលឆ្លើយតបនូវបញ្ហាប្រឈម និង សំណើរក៍ដូចជាសំនូមពរដែលរដ្ឋបាលឃុំ សង្កាត់/ក្រុង ស្រុក មន្ទីរ ស្ថាប័ននានា និង អង្គការសង្គមសុីវិល បានលើកឡើងនៅក្នុងអង្គវេទិកានោះផងដែរ ៕