ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តំណែងប្រធានមន្ទីរឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ។

ការលើកឡើងរបស់លោក ឌិត ទីណា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ជំនួសលោកចាន់ រិទ្ធី ដែលចូននិវត្តន៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម ជាអធិបតីពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ លោក ឌិត ទីណា បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងនិងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួងនិងរាជធានី-ខេត្ត ដែលជាម៉ែជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរ ក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយ ឱ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ។ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ ។

ក្នុងឱកាសនេះដែរលោក ឃួង ស្រេង បានលើកឡើងការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតា សម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារ កាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឲ្យបានល្អ ជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដី លើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ។

ជាមួយគ្នានេះ លោកញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី ប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានល្អបំផុត។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង ឱ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះ ឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វី ដែលអាចធ្វើទៅបាន៕





