ព័ត៌មានជាតិ

រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង ១៩ពាន់ក្បាលបន្ថែមទៀត

ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានបន្តផ្ដល់សេវាប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ចេញចូលឆ្លងដែនក្នុងជីវភាពប្រចាំថ្ងៃ បានសរុបជាង១៩ពាន់ក្បាល ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃ មានចំនួនច្រើនបំផុត បើធៀបនឹងខេត្តជាប់ព្រំដែនប្រទេសឡាវ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមប័ណ្ណព្រំដែនជាង ១៩ពាន់ក្បាលនោះ ការផ្ដល់ជូននៅខេត្តជាប់ព្រំដែន ប្រទេសឡាវមានតែ ១៧ក្បាលប៉ុណ្ណោះ ស្របពេលខេត្តជាប់ព្រំដែនប្រទេសថៃ រួមមានខេត្តបន្ទាយមានជ័យ ផ្ដល់បាន ៩.៨១៩ក្បាល ខេត្តប៉ៃលិន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យ២.៩៩៩ក្បាល ខេត្តបាត់ដំបង២.៤៦៧ក្បាល និងខេត្តកោះកុង ផ្ដល់បាន៣៩៦ក្បាល។

ដោយឡែកនៅក្នុងរយៈពេលដូចគ្នានោះ អគ្គនាយករដ្ឋនរដ្ឋបាល ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែន ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ ដើម្បីបន្តយកទៅបំពេញបែបបទ ផ្ដល់សេវាជូនប្រជាពលរដ្ឋ បានចំនួន១៣.០០០ក្បាលដែរ ក្នុងនោះខេត្តបន្ទាយមានជ័យមាន៦.០០ក្បាល ឧត្តរមានជ័យ មាន៤.៥០០ក្បាល និងខេត្តបាត់ដំបង មាន២.៥០០ក្បាល ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។

សូមបញ្ជាក់ថា ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែនកម្ពុជា៕

To Top