ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាមរយៈការដាក់ឱ្យអនុវត្ត របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ។ មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា បេឡាជាតិសន្តិសុខ សង្គមបាន និងកំពុងចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការថែទាំសុខភាព របស់ពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយ ការចំណាយ របស់ពលរដ្ឋ លើថ្លៃថែទាំសុខភាព។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ លើវឌ្ឍនភាព របស់បេឡាជាតិសន្តិសុខ សង្គម ដែលមានសមាជិក រាប់លាននាក់។ ប.ស.ស. បានចូលរួមចំណែក យ៉ាងសំខាន់ លើការថែទាំសុខភាព របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាព ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស. ឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការ បង់វិភាគទានលើ សេវាថែទាំសុខភាព។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍របស់ ប.ស.ស. និង ភាពងាយស្រួលលើការប្រើប្រាស់ គឺជាការលើកទឹកចិត្តពលរដ្ឋ ឱ្យប្រើប្រាស់សេវា របស់រាជរដ្ឋាភិបាលមួយនេះ កាន់តែច្រើនឡើងៗ ជាពិសេសលើក ទឹកចិត្ត ឱ្យពលរដ្ឋកាន់តែគិតគូរ ពីសុខភាពជាងមុន ។ ប.ស.ស. ទទួលបានការពេញ ចិត្តពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាមួយនេះកន្លងមក ហើយជាបណ្តើៗ សេវាកម្មមួយនេះនឹង ក្លាយទៅជាបង្អែក សម្រាប់ពលរដ្ឋកម្ពុជា ក្នុងការថែទាំសុខភាពរបស់ពួកគេ។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការពង្រីក វិសាលភាព របស់បេឡាជាតិសន្តិសុខសង្គម គឺជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា លើសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ខណៈដែល ប.ស.ស. របស់រាជរដ្ឋាភិបាល បាននិងកំពុងទទួល បានការសាទរ យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា បេឡាជាតិសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា បានក្លាយទៅជាមធ្យោបាយ យ៉ាងមានសារសំខាន់ សម្រាប់ទ្រទ្រង់សុខភាពរបស់ពលរដ្ឋកម្ពុជា ពីព្រោះសមាជិករបស់ ប.ស.ស. ចំណាយថវិកាតិច ក៏ប៉ុន្តែពួកគេទទួលបានការពិនិត្យ សុខភាពដោយឥតគិតថ្លៃ និងអាចប្រើប្រាស់សេវាថែទាំសុខ ភាពផ្សេងៗទៀត បានដោយមានប្រសិទ្ធិភាព និងរហ័សផងដែរ។
ការពង្រីកវិសាលភាព របស់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាគោល នយោបាយ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋ ឱ្យទទួលបានការថែទាំសុខភាព សម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិង កូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រង ចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ ។ បច្ចុប្បន្នរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិក របស់ខ្លួនកើនឡើងដល់ 2 671 030 នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ មានចំនួន 422 593នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន) ចំនួន 136 210នាក់។
ចំណុចគួរឱ្យកត់សំគាល់ គឺចំនួនសមាជិកបេឡាជាតិ សន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ជាកាតព្វកិច្ច មានកម្មករ និយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ដូចជាតាមរបបភាគទាន ដោយស្ម័គ្រចិត្ត មានបុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២៤នេះ។ ទន្ទឹមនេះ ប.ស.ស. មានសមាជិក ប.ស.ស. បានប្រើប្រាស់សេវាចំនួន 21 035 433ដង និងបានផ្តល់សាច់ប្រាក់ ដល់ស្រីមានផ្ទៃពោះ ចំនួន 564 63នាក់ និង កុមារអាយុក្រោម ២ឆ្នាំ ចំនួន 551 709នាក់ ផងដែរ ។ តាមរយៈនេះ បង្ហាញថាប្រជាពលរដ្ឋ កាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ ពីអត្ថប្រយោជន៍ នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ដែលដើរតួនាទី យ៉ាងសំខាន់ លើការថែទាំសុខភាព របស់ពលរដ្ឋ៕