ព័ត៌មានជាតិ

អនុប្រធានរដ្ឋឡាវ អរគុណកម្ពុជា ចំពោះការគាំទ្រ ដល់រដ្ឋាភិបាល និង ប្រជាជនឡាវ គ្រប់កាលៈទេសៈ

ភ្នំពេញ ៖ លោកស្រី Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ-កម្ពុជា និងថ្លែងអំណរគុណ ដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ ។

នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លេីកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ បានកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន កាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។

លោកស្រី អនុប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ។

លោកស្រី Pany Yathotou ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ ដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ ដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។

ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណចំពោះចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

សម្ដេចធិបតី ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី និងលោកស្រីអនុប្រធានរដ្ឋ ក៏បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនផងដែរ៕

To Top