ភ្នំពេញ ៖ នៅចំពោះមុខ បណ្តាមេដឹកនាំគណបក្ស នយោបាយមកពីប្រទេស ក្នុងតំបន់អាស៊ីប្រមាណ ជា៦០ ប្រទេស ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីកម្ពុជាថា គឺប្រទេសជាគំរូដ៏ល្អ នៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដ នៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាន នូវសន្តិភាពពេញលេញ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាត អន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ីលើកទី១២ (ICAPP 12)នៅព្រឹកថ្ងៃទី២២ វិច្ឆិកាសម្ដេចតេជោ បានមានប្រសាសន៍ថា សង្រ្គាអាចផ្ទុះឡើងយ៉ាងឆាប់រហ័ស ក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។

សម្តេចតេជោបន្តថា “ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀត គឺការរកបាននូវសន្តិភាព មួយប្រកបដោយនិរន្តរភាព ព្រោះសន្តិភាពមិនមែន មានន័យថា គ្រាន់តែជាអវត្តមាន នៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អ នៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដ នៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុង អស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨” ។

សម្តេចតេជោបានរំលឹកឡើងវិញថា រូបសម្តេចផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧ ។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល៤ឆ្នាំ មុន ពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយភាគីជម្លោះកម្ពុជាចំនួន និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរ បណ្តោះអាសន្នអង្គការសហប្រជាជាតិ នៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍ អន្តរជាតិសាទរ និងបានចាត់ ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែង ដែលបានអូសបន្លាយអស់ រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។

សម្តេចរៀបរាប់បន្តថា ជាអកុសល ការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកា អស់ជាងពីរពាន់លានដុល្លារសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបាន បញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជា នៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល ។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឲ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ដែលសម្តេចបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ៕
