ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិ បាលផ្នែកសម្ភព និងរោគស្រ្តី ដើរតួនាទីសំខាន់ ជួយសង្រ្គោះជីវិតមាតា-ទារក

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”នាថ្ងៃ២២ វិច្ឆិកា។

នាពិធីបើកទិវាវិទ្យាសាស្ត្រនោះផងដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីការដែលក្រសួងសុខាភិបាលបានប្រកាសដាក់ចូល នាពេលថ្មីៗ កាលពីថ្ងៃទី៥ តុលា ២០២៣ កន្លងទៅ នូវ«ការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ ៩ឆ្នាំ និងដាក់ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ» សំដៅលើកកម្ពស់សុខភាពសុខុមាលភាពកុមារ ដែលជាអនាគតមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ សំដៅរក្សា និងកសាងមូលធនមនុស្សរឹងមាំ ដែលជាការចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទិវាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ នឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹង បន្ថែមជាច្រើនដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួម ទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។

សាស្ត្រាចារ្យ បានជម្រុញសមាគមបន្តរៀបចំឱ្យមានទិវាសន្និបាតវិទ្យាសាស្ត្រទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវស្មារតីរឹងមាំក្នុងការធានាបានកម្រិតសមត្ថភាពជំនាញក្នុងឯកទេសរបស់ខ្លួន និងលើស ពីនោះការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សំដៅជំហរស្មារតី ទទួលខុសត្រូវ ទាំងកម្រិតបច្ចកទេស និងកហរមសីលធម៌វិជ្ជាជីវវេជ្ជសាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន ។

ដោយសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនអនុសាសន៍គន្លឹះជាអាទិភាពឲ្យយកចិត្តទុកដាក់ទៅលើ៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៤)ការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍៕

To Top