ភ្នំពេញ៖ លោកបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp បានគូសបញ្ជាក់ អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោ គនៅកម្ពុជា ។
នេះជាការលេីកឡេីង របស់លោកបណ្ឌិត Chairul Tanjung CT Corp ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកបណ្ឌិត Chairul Tanjung បានគោរពជម្រាបជូនសម្ដេចធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។
ក្នុងនោះផងដែរ លោកប្រធាន បានកោតសរសើរ ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោ គនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា មានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។
សម្ដេចបវរធិបតី ក៏បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងនោះសម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ។
ជំនួបខាងលេីនេះ សម្ដេចធិបតី និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុន បានផ្លាស់ប្តូរយោបល់គ្នា លើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កសិកម្ម និងកសិ-ឧស្សាហកម្ម, អប់រំ, បច្ចេកវិទ្យា, ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ, ផ្សារទំនេីប ជាដើម។
បន្ថែមលេីនេះសម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្ម ក្នុងស្រុក ដើម្បីចាប់យកឱកាស វិនិយោគ នៅកម្ពុជា ផងដែរ៕