ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការឆបោក ល្បែងស៊ីសងអនឡាញ ជាមេរោគដែលបំផ្លិចបំផ្លាញ ចំណងមិត្តភាពរវាងចិននិងកម្ពុជា។ នេះគឺជាសំណេររបស់លោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក វ៉ាង វិនពីន បានបញ្ជាក់ថា «ភាគីចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត រួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដូចជាការឆបោកល្បែងស៊ីសងអនឡាញជាដើម ដើម្បីបង្កើតបរិយាកាសល្អប្រសើរ សម្រាប់សន្តិសុខរបស់ប្រជាជនទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។
សូមរំលឹកថា ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិននិងកម្ពុជាបានសហការគ្នា បញ្ជូនជនល្មើសដែលពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០នាក់ ទៅកាន់ប្រទេសសមីខ្លួនវិញ៕