ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឺទ្ធសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើបងប្អូនខ្មែរក្រោម។
ការស្នើនេះធ្វើឡើងក្នុងជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងភ្នំពេញ។
ក្នុងជំនួបនេះ ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ លោក តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញ កិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។
សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។
សម្តេច ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ ដែលកំពុងរស់ នៅក្នុងប្រទេសវៀតណាមផងដែរ ៕