ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍មិនឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង ក្នុងនោះរួមមានទាំងកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ ។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជិន ថាញ់មិន បានសម្តែងក្តីសោមនស្សរីករាយ ក្រៃលែងដោយទទួលបានការអញ្ជើញ មកទស្សនកិច្ចផ្លូវការនៅកម្ពុជា និង ចូលរួមមហាសន្និបាត ICAPPលើកទី១២ និងសម័យប្រជុំពេញអង្គ IPTPលើកទី១១ តាមការចាត់តាំងរបស់លោក អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ។
លោក ជិន ថាញ់មិន ក៏បានរំឭកជំនួបដែលមិនអាចបំភ្លេចបានជាមួយ សម្ដេចតេជោទាំងបីលើកនាពេលកន្លងមក និងសូមពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខរបស់ លោក តូ ឡឹម និងសូមកោតសរសើរ និងអបអរសាទរនូវជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលកន្លងមក ដែលសបញ្ជាក់ឱ្យឃើញពីការគាំទ្រ របស់ប្រជាជនកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជា។
លោក ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើន គួរឱ្យកត់សម្គាល់របស់ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានជម្រាបសម្តេចតេជោថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក បានជួបពិភាក្សាជាមួយនឹងសម្តេចប្រធានរដ្ឋសភា និង មានក្តីសប្បាយរីករាយដែលចូលរួម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សំណង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភាកម្ពុជា តម្លៃ២៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់ប្រជាជនវៀតណាម ជូនប្រជាជនកម្ពុជា ព្រមទាំង បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី។
លោកបានជម្រាបសម្តេចតេជោ អំពីស្ថានភាពសេដ្ឋកិច្ចប្រទេសវៀតណាម ដែលមានកំណើនខ្ពស់ បើប្រៀបធៀបនឹងប្រទេសនានា នៅក្នុងតំបន់និងពិភពលោក ហើយវៀតណាម ឈានចូលក្នុងយុគសម័យថ្មី ទៅជាប្រទេសចំណូលខ្ពស់។ ប្រទេសវៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍ ១០០ឆ្នាំ នៃគណបក្សកុម្មុយនីសវៀតណាម នៅឆ្នាំ២០៣០ និង១០០ឆ្នាំ នៃការបង្កើតសាធារណសង្គមនិយមវៀតណាម នៅឆ្នាំ២០៤៥។
លោក ក៏បានគូសបញ្ជាក់ថា ប្រទេសវៀតណាមនិងកម្ពុជា ជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមក គឺជាជាកត្តាសត្យានុម័ត និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទីនិងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នៃប្រទេសយើងទាំងពីរ។
លោក បានថ្លែងអំណរគុណ ចំពោះកម្ពុជា ដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គី៕