ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឌសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ សម្តេចតេជោ ក៏បានស្នើវៀតណាមការចុះបញ្ជីនេះ អាចឱ្យការប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។
ក្នុងជំនួបទ្វេភាគី ជាមួយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋសភាវៀតណាម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ខណៈដែលស្ថានការណ៍ពិភពលោកវិវត្ត ទៅមុខយ៉ាងឆាប់រហ័ស និង ពិបាកប៉ាន់ស្មានបាន។
សម្តេច ក៏បានស្នើឱ្យវៀតណាមជំរុញពង្រឹង និងពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយកម្ពុជាបាននិងកំពុង នាំចេញគ្រាប់ស្វាយចន្ទី យ៉ាងច្រើនទៅវៀតណាម ។
សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ប្រធានគណបក្សនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ដែលខកខានមិនបានប្រជុំកន្លងមក និងសង្ឃឹមថាយន្តការប្រជុំប្រធានគណបក្ស នៃប្រទេសយើងទាំងបីនេះ ដែលសម្តេចតេជោ បានផ្តួចផ្តើមឡើង នឹងស្ថិតនៅជានិរន្តន៍ និងសម្រេចបានគោលដៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ឡាវ នៅក្នុងបរិការស្មុគស្មាញ នៅលើពិភពលោក។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្របខណ្ឌដែលមានស្រាប់ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាពការណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន៕