ភ្នំពេញ៖ ការងារជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ។
អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «ការងារជួសជុលប្រាង្គ G15 រយៈពេល ៦ខែកន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារ ជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ ៩៥ភាគរយហើយ» ។
អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គ G15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕