ភ្នំពេញ ៖ ថ្លែងចំពោះថ្នាក់ដឹកនាំ គណបក្សគណបក្ស នយោបាយមកពីបណ្តាប្រទេសអាស៊ី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់ មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់។
សម្តេចបវរធិបតី បន្ដថា ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោ បាយនៅអាស៊ី លើការជំរុញសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សហវិជ្ជមាន អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ ។
សម្តេចបវរធិបវតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាស បិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និងមោទនភាពជាខ្លាំងដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្តចំពោះកិច្ចប្រជុំលើកទី២ និងសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ ដែលបានបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការស ហការក្នុងចំណោមសមាជិក ICAPP ដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័ន ឈានមុខ និងធំជាងគេបំផុតមួយនៃ បណ្តាគណបក្សនយោបាយនៅអាស៊ី ដើម្បីជំរុញសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សហវិជ្ជមាន អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំង វិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បទពិសោធន៍របស់កម្ពុជាក្នុងសង្គ្រាមបានបង្រៀនឱ្យដឹងថា ជម្លោះមិនអាចបញ្ចប់បានឡើយ បើគ្មាន ការប្ដេជ្ញារួមគ្នា គ្មានការផ្សះផ្សា។
ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី ក៏បានអំពាវនាវឱ្យមេដឹកនាំទាំងអស់រក្សាសន្តិភាព និងជឿជាក់ថា ICAPP ជាក្ដីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត។ សម្ដេចធិបតី ក៏បានសរសើរ ប្រធាន ICAPP ចំពោះការធានានិរន្តភាព ភាពរីកចម្រើន ភាពរស់រវើករបស់ ICAPP៕