ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ហាមបោះយុថ្កា នៅលើទីតាំងគន្លងខ្សែ បណ្តាញអគ្គិសនី កប់ក្រោមទន្លេមេគង្គ ស្ថិតនៅភូមិសាស្ត្រ សង្កាត់ព្រែកអំពិល និងក្រុងអរិយក្សត្រ

ភ្នំពេញ ៖ អាជ្ញាធរខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ការបោះយុថ្កា ពីសំណាក់កាណូត កប៉ាល់ ទូកនេសាទធំៗ និងក្រុមហ៊ុន ដែលមានអាស្រ័យផល នៅលើទីតាំងគន្លងខ្សែ បណ្តាញអគ្គិសនី កប់ក្រោមទន្លេមេគង្គ ឆ្លងកាត់កោះដាច់ និងកោះតាង ស្ថិតនៅភូមិសាស្ត្រសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុល តាមតំបន់ ភូមិសាស្ត្រសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតទន្លេ មេគង្គ ឆ្លងកាត់កោះដាច់ កោះតាង ដោយបានបញ្ចប់រួចរាល់ជាស្ថាពរ និងបានដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកណ្តាល សូមស្នើដល់ម្ចាស់កាណូតកប៉ាល់ ទូកនេសាទធំៗ និងក្រុមហ៊ុនដែលមានអាស្រ័យផល នៅទីតាំងខាងលើ ឬធ្វើដំណើរឆ្លងកាត់តាមកោះដាច់ និងកោះតាង ហាមបោះយុថ្កានៅលើទីតាំងគន្លងខ្សែ និងរក្សាខ្សែ គម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមទន្លេ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ខ្សែបណ្តាញអគ្គិសនី ដែលអាច បង្កឲ្យខូច ឬដាច់ចរន្ត និងគ្រោះថ្នាក់ជាយថាហេតុ៕

To Top