ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ពិធីបើកសម័យប្រជុំជាផ្លូវការ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជន ជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។
នៅក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយនឹង ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏មានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក អាយភីធីភី មួយចំនួនផងដែរ។
សូមបញ្ជាក់ថា IPTP (អាយភីធីភី) គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកល សម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ។ អាយភីធីភី គឺជាវេទិកាសម្រាប់ សមាជិកសភា ដើម្បីពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ អាយភីធីភី ត្រូវបានប្រារព្ធឡើង នៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨៕