ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព​ ៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព និងប្រជាជន មានភាពរួសរាយ រាក់ទាក់បំផុត

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជន ប្រកបដោយភាពរួសរាយរាក់ទាក់បំផុត ។

ការលើកឡើងរបស់លោក Ahmed bin Mohamed Aljarwan ធ្វើឡើងក្នុងឱកាសលោក ដឹកនាំថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងជំនួបខាងលើនេះ លោកប្រធានក្រុមប្រឹក្សាសកល បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្ដៅ ចំពោះគណៈប្រតិភូ IPTP ទាំងអស់។

លោកលោក Ahmed bin Mohamed Aljarwan ក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍ អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបាន សុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះលោកប្រធានក្រុមប្រឹក្សាសកល ក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោក ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព  និងការធានានូវប្រក្រតីភាព នៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។

បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាសកល ក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជន ប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកា សម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ ជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក។ 

ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។ ក្នុងន័យនេះ ការថែរក្សាសុខសន្ដិភាព គឺជាកត្តាចាំបាច់ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម និង ការតភ្ជាប់ពិភពលោក រួមទាំងការជំរុញ ឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕

To Top