ព័ត៌មានជាតិ

ប្រធានសភានេប៉ាល់ ជឿជាក់ថា តួនាទីនិងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបានគឺជាឧទាហរណ៍ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក

ភ្នំពេញ៖ លោក Dev Raj Ghimire ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីនិងសមិទ្ធផលដែល សម្តេចតេជោ ហ៊ុន សែន សម្រេចបានគឺជាឧទាហរណ៍ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ការសម្ដែងភាពជឿជាក់នេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូក្រុមប្រធានសភា នៃប្រទេសជាមិត្តដឹកនាំដោយ លោក Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចូលជួបសម្តែងការគួរសម នៅទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។

ក្នុងឱកាសជំនួបនេះលោក Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

លោក Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍ សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នា ដើម្បីសន្តិភាពពិភពលោកយូរអង្វែង។

លោកក៏បានសម្តែងនូវការចង ចាំមិនអាចបំភ្លេច បាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជា ក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទីនិងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបានគឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ មានតម្លៃរបស់ លោក Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។

សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធាន សភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយ មកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេង រួបរួមគ្នានៃបណ្តាប្រទេស កំពុងអភិវឌ្ឍផងដែរ។

សម្តេចតេជោ ក៏បាន​រំឭកផងដែរ អំពីអតីតកាលដែលកម្ពុជា ក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់ អាណានិគម​ ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។

ជាថ្មីម្តងទៀត លោក Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ៕

To Top