សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដើម្បីឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់ កេរដំណែលដ៏ឃោរឃៅ និងយូរអង្វែងនៃគ្រាប់មីន នៅក្នុងពិភពលោក។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន មិនមែនគ្រាន់តែជាកិច្ចប្រជុំ នៃប្រជាជាតិនានាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញ ជាសមូហភាពនៃការប្តេជ្ញាចិត្តឥតងាករេ ចំពោះសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។ យើងរួមគ្នាឈរនៅលើផ្លូវបំបែក នៃប្រវត្តិសាស្ត្រ ជាការចងចាំដ៏ឈឺចាប់នៃជម្លោះ ដែលកំពុងត្រូវបានជំនួស ដោយអនាគតដែលបង្កើតឡើង ដោយក្តីសង្ឃឹម ភាពធន់ និងសន្តិភាព៕