ព័ត៌មានជាតិ

ប្រធានGCTP ៖ ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពិតជាស័ក្តិសមបំផុត សម្រាប់ការកសាង និងថែរក្សាសន្តិភាព របស់សម្តេចតេជោ

ភ្នំពេញ៖ លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) បានលើកឡើងថា ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពិតជាស័ក្តិសមជាទីបំផុត សម្រាប់បទពិសោធន៍ ក្នុងការកសាងសន្តិភាពនិងថែរក្សាសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេច​តេជោ ហ៊ុន សែន ​ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ចូលជួបសម្ដែងការគួរសម ដឹកនាំដោយ លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ស្វាគមន៍ និងយ៉ាងកក់ក្តៅជូនដល់ លោក Ahmed bin Mohamed Aljarwan ប្រធាន GCTP និងប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ក្នុងពេលនេះ ។

សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់ សម្រាប់ប្រទេសមកពីច្រើនតំបន់ មកជួបប្រជុំគ្នា និងជាសម្លេង របស់ប្រទេសកំពុងអភិវឌ្ឍ ដែលជាសម្លេងមានសារៈសំខាន់ដល់ការកសាងសន្តិភាព និងភាពអត់ឱននៅលើពិភពលោក។ សម្តេចតេជោ បានលើកទឹកចិត្ត ឱ្យខិតខំបន្តរៀបចំថែមទៀតនូវវេទិកា ដ៏មានសារៈសំខាន់នេះ។ ពេលនេះ កម្ពុជា ក៏ដូចជាប្រទេសរបស់គណៈប្រតិភូទាំងអស់ បានក្លាយជាគ្រួសារតែមួយ គឺគ្រួសារ IPTP។

នៅក្នុងឱកាសនោះ លោក Ahmed bin Mohamed Aljarwan បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាមានតម្លៃ អនុញ្ញាតជូនដល់លោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ ប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះ សម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេស ចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា លោកបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយលោកបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ លោកនឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។

លោក បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេស កំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព​ គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក ។ លោកAhmed bin Mohamed Aljarwan មានប្រសាសន៍ថា គណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំ IPTP​លើកទី១១ នៅពេលនេះ មានទាំងប្រទេសមក ពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះ ប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ លោក Ahmed bin Mohamed Aljarwan បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកល ផងដែរ។

នៅក្នុងឱកាស នៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ សភាប្រពីប្រទេសប៉េរូ ប្រធានសភា អាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតី ប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី” ។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុត សម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។

គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ ។ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។

លោកប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងឆាអន្តរជាតិ ជាពិសេសនៅពេលខាងមុខ នៅពេលដែលមានការធ្វើកំណែទម្រង់ អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។

លោក Ahmed bin Mohamed Aljarwan បានលើកឡើងថាកន្លងមក មានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេស កំពុងអភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ សឹងតែមិនអាចដោះស្រាយអ្វីបាន ដោយសារតែការ VETO ពីប្រទេសមហាអំណាចទាំង៥​។

លោក Ahmed bin Mohamed Aljarwan ក៏បានជម្រាបជូនសម្តេច ពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយក ក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗ មកចូលរួមក្នុងវេទិកាតែមួយ ជាមួយបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំ ទាំងនោះ អាចចែករំលែក ពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ លោកAhmed bin Mohamed Aljarwan បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ លោក Ahmed bin Mohamed Aljarwan ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។

ជាការឆ្លើយតប​ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។

សម្តេចតេជោ មានប្រសាសន៍ថា លោក Ahmed bin Mohamed Aljarwan និងគណៈប្រតិភូ ដែលបានមកដល់កម្ពុជា អាចនឹងមើលឃើញថា ជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេសកម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ ជាច្រើនណាស់។

សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយមកជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើមអំណាច និងបែកបាក់ផ្ទៃក្នុង។

សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩​ ។ កម្ពុជាបានប្រែក្លាយពីប្រទេស ដែលនាំចូលសព្វគ្រប់បែបយ៉ាង ​ទៅជាប្រទេសផលិត ដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ ។

សម្តេចតេជោ បានបន្តថា ​ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យ​ការនាំចេញ របស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅ ចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ សម្តេចតេជោ បញ្ជាក់ថារយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅ ដែលហួសប្រមាណ មិនអាចសម្រេចនោះទេ។
​​​
សម្តេចតេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិ មិនមែនជារឿងងាយស្រួលនោះទេ ​​សម្តេចបានឮអំពីកំណែទម្រង់នេះ ជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណង មានតំណាងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត​ ដោយយកគម្រូតាម ICAPP ឬG7 G20​ តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាពរបស់យើង៕

To Top