សៀមរាប៖ ថ្លែងចំពោះមុខ គណៈប្រតិភូប្រមាណ ៧០០នាក់ មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ នោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេស ដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ជាទឹកដីនៃសន្ដិភាព បានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន។ ទឹកដីដែលពោរពេញដោយ សម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យដូចជាប្រាសាទអង្គរវត្ត បានឆ្លងកាត់នូវសោកនាដកម្ម ដ៏គួរឱ្យសោកសង្រេងបំផុត រួមមានការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។
សម្តេចបវរធិបតី បន្ដថា ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។
សម្តេចបវរធិបតី បន្ដទៀតថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញលេញ ត្រូវបានសម្រេចនៅឆ្នាំ១៩៩៨ ក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស និងដល់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម។
សម្តេចបវរធិបតី បន្ថែមថា ប្រជាជនកម្ពុជា មិនអាចរស់នៅ និងបន្តជីវភាពដូចប្រក្រតីបាននោះទេ ដោយសារទឹកដីរបស់កម្ពុជា នៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញ ក៏ត្រូវប្រឈមផងដែរ។ សម្ដេច គូសបញ្ជាក់ថា «ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេស ដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ»៕