ខេត្តត្បូងឃ្មុំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាសទទួលស្គាល់ ខេត្តត្បូងឃ្មុំជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាព អញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាង ជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើ គ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេច នូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។
លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០ ។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។
សូមជម្រាបជូនផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេច ឱ្យបានខេត្តជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕